ពិធីបុណ្យគោរពលិង្គ (Penis Festival) នៅប្រទេសជប៉ុន៖ ប្រវត្តិ និងរឿងព្រេង
ពិធីបុណ្យគោរពលិង្គ គឺជាពិធីបុណ្យមួយដែលត្រូវបានប្រារព្ធរៀងរាល់ឆ្នាំនៅវត្ត Kanayama នៃក្រុង Kawasaki ក្នុងខេត្ត Kanagawa ប្រទេសជប៉ុន។ ពិធីបុណ្យនេះត្រូវបានប្រព្រឹត្តឡើងរៀងរាល់ថ្ងៃអាទិត្យទីមួយនៃខែមេសា (ដូច្នេះ វាត្រូវបានធ្វើនៅថ្ងៃទី២ ខែមេសា ឆ្នាំនេះ)។ ទោះបីជាឈ្មោះរបស់បុណ្យនេះចម្លែក គោលបំណងរបស់វាពិតជាល្អប្រពៃណាស់ ដែលនោះគឺដើម្បីធ្វើការបន់ស្រន់សុំឲ្យមានកូន សុំភាពងាយស្រួលក្នុងការសម្រាលកូន និងការចៀសផុតពីជំងឺកាមរោគ។ មិនត្រឹមតែប៉ុណ្ណោះ ថវិកាដែលត្រូវបានប្រមូលតាមរយៈពិធីបុណ្យនេះ នឹងត្រូវផ្ដល់ជូនទៅការស្រាវជ្រាវអំពីមេរោគអេដស៍។
តើបុណ្យនេះមានប្រវត្តិបែបណាដែរ?
តាំងពីបរមបុរាណកាលមក វត្ត Kanayama (ដែលមាន Kanayamahiko និង Kanayamahime ជាព្រះគង់នៅ) គឺជាទីកន្លែងមួយដែលស្ត្រីរកស៊ីផ្លូវភេទនៅ tea house (ហាងផឹកតែ?) ក្នុងតំបន់នោះ តែងមកបន់ស្រន់សុំការការពារពីជំងឺកាមរោគ។ ទោះបីជាព្រះទាំងពីរអង្គជាតំណាងឲ្យជាងដែក ទ្រង់ក៏ត្រូវបានជឿថាជាបុគ្គលដែលបានស្រោចស្រង់ឲ្យទេពធីតាមួយអង្គមានសុខភាពល្អឡើងវិញក្រោយពីការសម្រាលបុត្ររបស់ព្រះនាង។
សម្រាប់រឿងព្រេងទាក់ទងនឹងពិធីបុណ្យនេះវិញ គឺមានដូចតទៅ។
កាលពីព្រេងនាយ មានបិសាចមួយលង់ស្រឡាញ់ស្ត្រីម្នាក់ដែលមានប្ដីរួចមកហើយ។ ដោយភាពច្រណែនឈ្នានីសរបស់វា បិសាចនោះក៏លួចចូលទៅនៅក្នុងទ្វារមាសរបស់នាង និងបានខាំលិង្គប្ដីមុនៗទាំងពីររបស់នាង។ ចុងក្រោយ ជាងដែកម្នាក់ដែលបានក្លាយជាប្ដីទីបីរបស់នាង បានរកឃើញដំណោះស្រាយមួយ គឺបង្កើតលិង្គដែកមួយសម្រាប់នាង។ (ស្ដាប់ទៅ ពិតជាអត់អនាម័យសោះ! ម៉េចក៏យកដែកដាក់ចូលក្នុងទ្វារមាសមនុស្សស្រីអ៊ីចឹង?! 🤔😂) ។ ដោយសារភាពវៃឆ្លាតរបស់ប្ដីទីបីនេះ បិសាចក៏បាក់ធ្មេញ ហើយត្រូវរត់ចេញជាប្រញាប់ ដើម្បីទៅជួបគ្រូពេទ្យធ្មេញ។
នេះហើយជាប្រវត្តិ និងរឿងព្រេងដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ពិធីបុណ្យដ៏អស្ចារ្យនេះ។
គួរបញ្ជាក់ផងដែរថា ពិធីបុណ្យគោរពលិង្គមិនត្រឹមតែប្រារព្ធនៅក្នុងកន្លែងនេះទេ ប៉ុន្តែវាក៏ត្រូវបានប្រារព្ធឡើងនៅកន្លែងផ្សេងទៀតក្នុងពេលវេលាផ្សេងៗគ្នាផងដែរ។ ឧទាហរណ៍ ជាមួយនឹងឈ្មោះផ្សេងមួយទៀត (Honensai) ពិធីបុណ្យនេះត្រូវបានធ្វើនៅវត្ត Tagata ក្នុងទីក្រុង Komaki ខេត្ត Aichi (ថ្ងៃទី 15 ខែមីនា ជារៀងរាល់ឆ្នាំ)។
ក្រៅពីនេះ ខ្ញុំនឹងផុសបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំក្នុងការចូលរួមពិធីបុណ្យនេះនៅអត្ថបទក្រោយ។