ចំណាប់អារម្មណ៍ខ្ញុំទាក់ទងនឹងរឿង Radio Silence របស់ Alice Oseman
សាច់រឿង
Frances ជាមនុស្សងប់ងល់នឹងការសិក្សាដែលមានគោលដៅតែមួយ គឺទៅសាកលវិទ្យាល័យជាន់ខ្ពស់ ។ គ្មានអ្វីអាចរារាំងនាងបានទេ។ សូម្បីតែមិត្តភក្តិ សូម្បីតែរឿងសម្ងាត់របស់នាង - សូម្បីតែមុខមាត់ពិតក្នុងចិត្តនាងក៏ដោយ។
ប៉ុន្តែនៅពេលដែល Frances បានជួប Aled ដែលជាមនុស្សដ៏មានទេពកោសល្យតែពូកែអៀន ស្ថិតនៅក្នុង podcast ដែលនាងចូលចិត្ត នាងបានរកឃើញសេរីភាពថ្មីមួយ។ គេបានរកឃើញកូនសោរបើកទ្វារទៅរក Frances ពិតប្រាកដ ហើយជាលើកដំបូងដែលនាងជួបមិត្តភាពពិត ដោយមិនខ្លាចក្នុងការក្លាយជាខ្លួនឯង។ បន្ទាប់មក podcast បានល្បីល្បាញ ហើយការជឿទុកចិត្តដ៏ផុយស្រួយរវាងពួកគេត្រូវបានបែកបាក់។
France ស្ទាក់ស្ទើររវាងនាងជានរណា និងអ្នកណាដែលនាងចង់ក្លាយជា។ ឯក្តីសុបិន្តរបស់នាងបានត្រូវបានកម្ទេច។ ដោយមានវិប្បដិសារីជាមួយនឹងកំហុសខ្លួន នាងដឹងថានាងត្រូវតែប្រឈមមុខនឹងអតីតកាលរបស់នាង… នាងត្រូវតែសារភាពថាហេតុអ្វីបានជា Carys បាត់ខ្លួន…
ទន្ទឹមនឹងនេះដែរ Aled កំពុងប្រយុទ្ធនឹងអាថ៌កំបាំងដ៏ខ្មៅងងឹតរបស់គេតែម្នាក់ឯង។
មានតែការប្រឈមមុខនឹងការភ័យខ្លាចរបស់អ្នកប៉ុណ្ណោះ ទើបអ្នកអាចយកឈ្នះវាបាន។ ហើយមានតែការធ្វើជាខ្លួនឯងប៉ុណ្ណោះ ទើបអ្នកអាចរកឃើញសុភមង្គលបាន។
Frances នឹងត្រូវប្រីរាល់ភាពក្លាហានដែលនាងមានដើម្បីជំនះឧបសគ្គទាំងនោះ។
Source: StoryGraph (translate from English)
ចំណាប់អារម្មណ៍ក្រោយអាន
នៅពេលខ្ញុំបានបញ្ចប់រឿង Loveless របស់ Alice Oseman ខ្ញុំពិតជាចង់អានសៀវភៅផ្សេងទៀតរបស់គាត់ណាស់។ លុះពេលអាន សង្ខេបដើមរឿង (synopsis) របស់ Radio Silence របស់អ្នកនិពន្ធតែមួយនេះ ខ្ញុំរឹតតែចង់អានរឿងនេះថែមទៀត ព្រោះយល់ថា វានឹងចាក់ដោតខ្ញុំ ដោយសារតែវាអាចធ្វើឲ្យខ្ញុំនឹកឃើញដល់ខ្ញុំកាលពីមុន។
ក៏ប៉ុន្តែ ក្រោយពីការតស៊ូយ៉ាងលំបាកក្នុងការបន្តអាន Radio Silence រយៈពេល ២-៣ ខែ ខ្ញុំក៏សម្រេចចិត្តឈប់អានវាតែម្ដង។ ដំបូង ខ្ញុំគិតថាខ្ញុំមិនសូវជក់ចិត្តនឹងរឿងនេះព្រោះតែខ្ញុំអានវាមិនទៀងទាត់ តែនៅពេលនេះ ខ្ញុំយល់ថាវាគឺដោយសារតែ សាច់រឿងវាគឺសាបពេកសម្រាប់ខ្ញុំ។ ពេលអាន Loveless ត្រឹមតែ ២-៣ ទំព័រប៉ុណ្ណោះ ខ្ញុំក៏ជក់ចិត្តដិតអារម្មណ៍នឹងសាច់រឿង នឹងជីវិតរបស់តួអង្គទៅហើយ។ ផ្ទុយទៅវិញ សម្រាប់រឿង Radio Silence នេះវិញ ខ្ញុំអានលើស ១០០ ទំព័រទៅហើយ ក្រៅពីការដែល Frances (តួឯកស្រី) ជា bisexual និងទំនាក់ទំនងមិត្តភាពរវាងនាងនិងតួអង្គស្រីម្នាក់ទៀត គឺអត់មានអ្វីដែលទាក់ទាញខ្ញុំឲ្យចង់អានបន្តទៀតទេ (សូម្បីតែចំណុចគួរឲ្យចាប់អារម្មណ៍ទាំងពីរនោះ ក៏មិនអាចជួយស្រោចស្រង់ឲ្យសាច់រឿងទៅជាល្អគ្រប់គ្រាន់សម្រាប់ឲ្យខ្ញុំតស៊ូបន្តទៀតដែរ)។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមកោតសរសើរទៅលើការសរសេរបង្ហាញចរិតលក្ខណៈរបស់តួអង្គនីមួយៗ ព្រោះពួកគេមានចរិតប្លែកពីគ្នា និងគួរឲ្យចងចាំ។ ប៉ុន្តែ ខ្ញុំក៏បានដឹងដែរថា តាមពិតទៅ ខ្ញុំកាលពីមុននោះមិនដូចតួឯកស្រីនោះឡើយ។
សរុបទៅ Radio Silence ជារឿងមួយដែលអាចសង្ខេបបានថា បើមានគេប្រាប់ខ្ញុំថាវារឿងដែល Alice Oseman និពន្ធមុនរឿង Loveless (ដែលនេះជាការពិត) ឬក៏ថាវាជាស្នាដៃដំបូងរបស់គាត់ ខ្ញុំនឹងជឿគេភ្លាម។ ក៏ប៉ុន្តែ Rating របស់រឿងនេះពិតជាខ្ពស់ណាស់នៅលើ Goodreads (4.21/5) និង StoryGraph (4.23/5) ដូច្នេះប្រហែលជាវាមិនមែនមិនល្អដូចដែលខ្ញុំគិតក៏ថាបានដែរ។ មិនប្រាកដដែរ ខ្ញុំប្រហែលជាអានវាបន្តនៅពេលអនាគត តែពេលនេះ ខ្ញុំហត់នឹងវាហើយ៕