តើរឿងរលកបោកខ្សាច់ពិតជាល្អមើលសមនឹងពានរង្វាន់លេខ១មែនឬអត់? (No Spoiler)

រឿងរលកបោកខ្សាច់និពន្ធដោយអ្នកគ្រូម៉ៅ សំណាង ជារឿងដែលនិទានពីជីវិតតស៊ូរបស់នារីម្នាក់ឈ្មោះបុស្សិបា ដែលត្រូវបានញាំញីដោយសារការច្រណែនឈ្នានីសពីអ្នកដទៃ មិនថាទាក់ទងនឹងរឿងស្នេហា ឬគ្រួសាររបស់នាងឡើយ។ ក្រៅពីក្របសៀវភៅដ៏ទាក់ទាញ រឿងនេះបានធ្វើឲ្យខ្ញុំចាប់អារម្មណ៍ជាខ្លាំង ព្រោះរឿងនេះបានជាប់ចំណាត់ថ្នាក់លេខ១ពានរង្វាន់អក្សរសិល្ប៍​ ”ព្រះសីហនុរាជ” ។ ដូច្នេះហើយ ខ្ញុំបានធ្វើរឿងដែលមនុស្សលោកធម្មតាទូទៅធ្វើ គឺឡើងទៅទិញដល់ភ្នំពេញតែម្ដង។ លុះក្រោយពេលអានហើយ…

សាច់រឿងមានភាពរលូនទៅមុខដោយមិនធ្វើឲ្យខ្ញុំរង្គៀសចិត្តឡើយ។ បុស្សិបាត្រូវជួបទុក្ខលំបាកពីមួយទៅមួយមិនចេះចប់ដូច”រលកបោកខ្សាច់” តែនាងនៅតែមានភាពរឹងមាំ មិនចុះចាញ់នឹងជីវិត។ ឯបញ្ហាជីវិតនាង រឿងណាដែលត្រូវចប់ អ្នកនិពន្ធក៏បញ្ចប់ឲ្យស្រឡះ រឿងណាដែលសមនឺងត្រូវបន្ត គាត់ក៏បន្តឲ្យត្រូវតាមតថភាព។ ឯតួអង្គវិញ អ្នកដែលសមបានផលល្អក៏បានល្អ អ្នកដែលសមនឹងទទួលផលអាក្រក់ ក៏ទទួលតាមនោះទៅ ជាហេតុធ្វើឲ្យយើងមានក្ដីសង្ឃឹម និងភាពធូរស្បើយក្នុងចិត្តក្រោយអានចប់។

ទោះជាយ៉ាងណាក៏ដោយ រឿងនេះក៏នៅមានចំណុចខ្វះខាតមួយចំនួន។ តួអង្គក្នុងរឿងត្រូវមានការវិវត្ត មិនថាទៅជាល្អ ឬអាក្រក់ឡើយ។ ដូចនេះដែរ តួអង្គផៃយ៉ុត យុទ្ធី និងផាវីជាដើម គឺមានការវិវត្តយ៉ាងសមស្រប។ ប៉ុន្តែ បុស្សិបាដែលជាតួឯក បែរជាមានការប្រែប្រួលតិចតួចណាស់សឹងនឹងអត់។

ជារួមមក ខ្ញុំគិតថារឿងនេះល្អមើលខ្លាំង ម្យ៉ាងទៀតវាមានភាពខុសប្លែកពីរឿងដទៃរបស់អ្នកគ្រូម៉ៅ សំណាង ត្រង់ថា រឿងដទៃរបស់គាត់គឺផ្ដោតលើសំណួរថាតើតួអង្គនឹងបានរួមរស់នឹងគ្នាឬអត់។ តែរឿងនេះវិញ មិនត្រឹមតែផ្ដោតលើសំណួរនេះទេ វាថែមទាំងផ្ដោតលើចម្ងល់ថាតើតួអង្គនឹងរស់នៅជាមួយគ្នាដោយមានសុភមង្គលឬអត់។

ប្រសិនបើអ្នកចូលចិត្តរឿងរលកបោកខ្សាច់ អ្នកប្រហែលជានឹងចូលចិត្តស្នាដៃផ្សេងទៀតរបស់អ្នកគ្រូម៉ៅ សំណាង ដូចជា ត្រីកោណស្នេហ៍ សារិកាសំឡេងមាស និងទេពធីតាសមុទ្រ។ល។ ទន្ទឹមនឹងនេះ អ្នកអាចសាកល្បងអានស្នាដៃនិពន្ធរបស់កូនស្រីរបស់គាត់ (ម៉ៅ ចាន់រស្មី) គឺរឿងកំណត់ហេតុពណ៌ស្វាយ ដែលខ្ញុំនឹងចាប់ផ្ដើមអានក្នុងពេលឆាប់ៗនេះ៕

Rating:⭐️⭐️⭐️⭐️


Previous
Previous

តើរឿងរលកបោកខ្សាច់ពិតជាល្អមើលសមនឹងពានរង្វាន់លេខ១មែនឬអត់? (With Spoiler!)

Next
Next

បរិយាយប្រលោមលោកនិពន្ធដោយអ្នកគ្រូ ម៉ៅ សំណាង ដោយប្រើតែមួយល្បះ