បរិយាយប្រលោមលោកនិពន្ធដោយអ្នកគ្រូ ម៉ៅ សំណាង ដោយប្រើតែមួយល្បះ

Picture Source: Facebook

សូមបញ្ជាក់ថា អត្ថបទនេះគឺមិនមែនដើម្បីវាយប្រហារអ្នកគ្រូ​ ម៉ៅ សំណាង នោះឡើយ។ រាល់ការបរិយាយ (review) ទាំងអស់ គឺកើតឡើងដោយសារគំនិតខ្ញុំផ្ទាល់ ព្រមទាំងចំណង់ចំណូលចិត្តខ្ញុំដែលតែងវិវត្តជានិច្ច។​ អ្នកគ្រូ ម៉ៅ សំណាងគឺជាអ្នកនិពន្ធដែលខ្ញុំគោរពស្រឡាញ់ជាទីបំផុត ហើយខ្ញុំជាប្រិយមិត្តអ្នកអាន (និយាយឲ្យចំគឺ fan)​ របស់គាត់អស់រយៈពេលជាង១០ឆ្នាំមកហើយ។​ គួរឲ្យស្ដាយ ដែលខ្ញុំមិនអាចរករូបក្របសៀវភៅមកបង្ហាញបាន ព្រោះតែខ្ញុំបានប្ដូរទីលំនៅ នាំឲ្យសៀវភៅទាំងនោះត្រូវឃ្លាតឆ្ងាយពីខ្ញុំ។

កុំឲ្យខាតពេលយូរ នេះគឺជាប្រលោមលោកនិពន្ធដោយអ្នកគ្រូ ម៉ៅ សំណាង (ទន្សាយ) បរិយាយដោយប្រើតែ១ល្បះ​ (១០រឿងសិន)។

១)​ សងឈាមពីរតំណ 

Picture Source: Facebook

ខ្លីតែខ្លឹម!

២)​ ពេជ្ឃឃាតស្នេហ៍

ប្រលោមលោករបស់គាត់ដំបូងបង្អស់ដែលខ្ញុំបានអាន និងជាប្រលោមលោកដែលធ្វើឲ្យខ្ញុំយល់ច្បាស់ថា ប្រលោមលោកដែលល្អមើល មិនមែនចាំបាច់ត្រូវមានឈុតឆាកស្រើបស្រាល ឬឆាករំលោភទេ។​ អរគុណអ្នកគ្រូ ម៉ៅ សំណាង! 

៣)​ ទេវរូបខ្មៅ 

Picture Source: Facebook

ដំបូន្មានបង្កប់ក្នុងរឿងនេះមួយគឺ “ធ្វើតាមឪពុកម្ដាយទៅ មិនខុសទេ” (បើតាមខ្ញុំយល់ឃើញ និងដកស្រង់) តែខ្ញុំនៅតែមានមន្ទិលសង្ស័យចំពោះគំនិតនេះនៅឡើយ។

៤)​ សមុទ្រខ្មៅ

ពិតជាសក្តិសមជាប្រលោមលោកដែលជាប់ជាអត្ថបទជ្រើសរើសបកប្រែជាភាសាជប៉ុនមែន!

៥)​ ចិត្តមួយថ្លើមមួយ

កាលពីនៅជាក្មេងជំទង់ (teenager) ខ្ញុំពិតជាស្រឡាញ់រឿងនេះណាស់ តែពេលនេះ ចិត្តស្រឡាញ់ហាក់ថមថយបន្តិច ព្រោះនៅទីបញ្ចប់នៃរឿងនេះ តួអង្គប្រុសៗបានសម្រេចចិត្តដោយមិនមានការសាកសួរយោបល់ពីតួអង្គស្រីឡើយ។

៦) គំនុំពាន់ឆ្នាំ

ជារឿងខ្មោច តែខ្ញុំអត់មានអារម្មណ៍ភ័យខ្លាចពេលអានរឿងនេះទេ​ ប៉ុន្តែសាច់រឿងនៅតែជក់ចិត្តដិតអារម្មណ៍។​

៧)​ ភួងមាលាសមុទ្រឈាម

ពេលគិតដល់រឿងនេះ ខ្ញុំតែងក្ដៅក្រហាយនឺងតួប្រុសដែលចាប់រំលោភតួស្រី ដោយសារការឆេវឆាវមួយពេល ហើយនៅតែបានតួស្រី ព្រោះបើខ្ញុំជាតួស្រីវិញ ខ​្ញុំស្អប់ដល់ឆ្អឹង (ប្រហែលមកពីអ៊ីចឹងហើយ ទើបមិនដែលក្លាយជាតួឯកស្រីនឹងគេ🥲)។

៨) វិនាសកម្មលើវាលខ្សាច់

ពាក់កណ្ដាលខាងដើមនៃរឿងនេះល្អមើល តែពាក់កណ្ដាលខាងចុងបញ្ចប់វិញ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថា វាត្រូវបានបង្កើតឡើងដើម្បីឲ្យតួប្រុសម្នាក់ទៀតបានរួមរស់ជាមួយតួរងស្រី ហើយខ្ញុំមានភាពហត់នឿយជាខ្លាំងចំពោះសាច់រឿងបែបនេះ។

៩) អង្គរក្សក្រមុំ

តួអង្គស្រីដែលរឹងមាំ មិនមែនទាល់តែឆ្នាស់ ឈ្លោះគ្នាជាមួយតួប្រុសរហូតទេ​ ហើយខ្ញុំក៏នឿយណាយនឹងសាច់រឿងដែលតួស្រីនិងតួប្រុសស្អប់គ្នា មិនត្រូវគ្នា​រហូតដល់ទីបញ្ចប់ ពួកគេស្រាប់តែត្រូវគ្នាហើយរួមរស់នឹងគ្នាតែម្ដងដែរ។

១០)​ កណ្ដឹងមរណៈ

អាថ៌កំបាំងក្នុងរឿងនេះគួរឲ្យចាប់អារម្មណ៍ តែពេលការពិតត្រូវបានលាតត្រដាង ខ្ញុំមានអារម្មណ៍ថាខកចិត្ត ឯតួអង្គនិយាយសម្ដីមកផ្អែមល្អែមជ្រុលដូចក្នុងរឿងល្ខោន ធ្វើឲ្យខ្ញុំអស់អារម្មណ៍រលីង។


សូមរង់ចាំអត្ថបទបន្ដទៀត ដើម្បីទទួលបានការបរិយាយពីសៀវភៅមួយចំនួនទៀតរបស់អ្នកគ្រូម៉ៅ សំណាង ដែលនៅក្នុងនោះអាចមានសៀវភៅដែលអ្នកចូលចិត្ត ឬចង់អានក៏ថាបាន!

Previous
Previous

តើរឿងរលកបោកខ្សាច់ពិតជាល្អមើលសមនឹងពានរង្វាន់លេខ១មែនឬអត់? (No Spoiler)

Next
Next

I Cannot Read This Anymore - Radio Silence